ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ភារកិច្ចដ៏ឧត្តុង្គឧត្តមនៅកម្ពុជា។ កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Werner Gatzer អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធអាល្លឺម៉ង់ និងជាប្រធានដឹកនាំបេសកកម្មសម្រាប់កម្មវិធី “ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី ២ (Improved Service Delivery in Cambodia – ISD 2)” ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅកម្ពុជា ផងដែរ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងឯកឧត្តម Werner Gatzer ព្រមទាំងសហការី ក៏ដូចជាការថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ដ៏ល្អកន្លងមក ពោលគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ ជាក់ស្តែង, តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ, អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាម៉េរិក, ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦២ លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាម៉េរិក ដែលគ្របដណ្តប់លើវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វិស័យអប់រំ, អភិបាលកិច្ច, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខភាព, គាំពារសង្គម, ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ អាល្លឺម៉ង់ ក៏ជាដៃគូទ្វេភាគីដ៏សំខាន់ ក្នុងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ អាល្លឺម៉ង់បានគាំទ្រកម្មវិធីជាបន្តបន្ទាប់ រួមមាន៖ ១. កម្មវិធីពង្រឹងការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់សង្គមស៊ីវិលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, ២. កម្មវិធីគាំទ្រកំណែទម្រង់វិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល ៣. កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី១ ដែលកម្មវិធីនេះបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៥, និង ៤. កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជាដំណាក់កាលទី២ (ISD 2) ក្នុងទឹកប្រាក់សរុបចំនួន ១៨.៤ លានអឺរ៉ូ (ហិរញ្ញប្បទានឥតសំណង) ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីដើមឆ្នាំ ២០២៦ នេះ។
ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
ក៏បានជម្រាបជូនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលជារួម
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ មាន ៥.៣%
និងតាមការប៉ាន់ស្មានសម្រាប់ឆ្នាំ ២០២៦ នេះ មានការថមថយមកត្រឹម ៤.២%
និងបានជម្រាបជូនផងដែរអំពីកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា
វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក,
បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ
ដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច, សកម្មភាពអាជីវកម្ម,
និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាដើម។
ឯកឧត្តមឯកអគ្គរដ្ឋទូត
បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបុរេសកម្ម
និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ
និងរក្សាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក។ អាល្លឺម៉ង់
ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា
ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ទន្ទឹមនេះ, ឯកឧត្តម Werner Gatzer
ក៏បានជម្រាបជូនអំពីកម្មវត្ថុនៃបេសកកម្មរបស់លោកមកកម្ពុជាលើកនេះ
គឺមានគោលបំណងសិក្សាវាយតម្លៃលើការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
និងការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់កម្ពុជាបច្ចុប្បន្ន
ដើម្បីកំណត់បញ្ហាប្រឈមលើក្របខណ្ឌគោលនយោបាយដែលជះឥទ្ធិពលដល់ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ព្រមទាំងនឹងចែករំលែកនូវមេរៀន
និងបទពិសោធន៍ល្អៗពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពីប្រទេសអាល្លឺម៉ង់។
ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងបានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលនឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ទទួលបានជោគជ័យនាឱកាសបេសកកម្មថ្មីៗ និង ឯកឧត្តម Werner Gatzer ព្រមទាំងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា។
ព័ត៌មានទាក់ទង