ជ្រើសរើសភាសា: Khmer Khmer English English
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Sun Meijun រដ្ឋមន្រ្តី នៃអគ្គរដ្ឋបាលគយ នៃ សាធារណរដ្ឋប្រជាមានិតចិន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែមិថុនា ឆ្នាំ ២០២៦

    នារសៀលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែល លោកជំទាវ អញ្ជើញមកចូលរួម “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥” នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីផងដែរ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ រដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញ ពង្រឹង និងពង្រីកបន្ថែមការតភ្ជាប់ក្នុងតំបន់ សម្រាប់កម្ពុជា ចិន និងសមាជិកអាស៊ាន ជាដើម។

លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផលនៃ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦ ដោយអាស៊ាន និងចិន បានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម”។ ជាមួយគ្នានេះ, នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ, អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន” ផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា បណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារនិយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្ម សេដ្ឋកិច្ច-សង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការចាំបាច់ ធានាស្ថិរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាដើម។ ក្នុងនោះ, គិតត្រឹមដំណាច់ត្រីមាសឆ្នាំ ២០២៦, ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធីសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំចេញផលិតផលកសិកម្មដូចជាចេក និងធុរេនពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជារតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផល និងផលប្រយោជន៍រួមគ្នាក្នុងការពន្លឿន និងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា និងបានជូនពរ លោកជំទាវរដ្ឋមន្ត្រី ឯកឧត្តមអគ្គរាជទូត និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា។


ព័ត៌មានទាក់ទង