ជ្រើសរើសភាសា: Khmer Khmer English English
ជំនួបពិភាក្សាការងាររវាង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ ២០២៦

    នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ZHONG Jie, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា និងជម្រាបលា ក៏ដូចជាទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម XUE Dong, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន នាពេលកន្លងមក។ កម្ពុជា-ចិន​, ក្នុងនាមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប, បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង, ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ, ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវវិបត្តិនានាចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់, រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, តាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការ, បានបន្តជួយជ្រោមជ្រែង តាមរយៈជំនួយមនុស្សធម៌បន្ទាន់ ក៏ដូចជា ការចូលរួមចំណែកដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត, ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ, និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។ ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

    លោកជំទាវអគ្គទីប្រឹក្សា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន, ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែខ្លាំងក្លា និងតាមរយៈទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន។ លោកជំទាវអគ្គទីប្រឹក្សា ក៏បានសម្ដែងនូវការត្រេកអរផងដែរ ដែលក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកជំទាវ បានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមាន មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី ៣), គម្រោងសាងសង់ផ្លូវជាតិលេខ ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី ២ ជាដើម។ លោកជំទាវអគ្គទីប្រឹក្សា សង្ឃឹមថាកម្ពុជា-ចិន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការលើវិស័យផ្សេងទៀត ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងផ្ដោតការចាប់អារម្មណ៍ និងមានភាពជាយុទ្ធសាស្រ្ត ដូចជា វិស័យបច្ចេកវិទ្យា, កសិកម្ម និងពាណិជ្ជកម្ម។

    នាឱកាសនោះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដែលនឹងត្រូវបន្តបេសកកម្មការងារនៅប្រទេសកម្ពុជា និងបានស្នើឯកឧត្តម XUE Dong បន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត ក្នុងនោះ បន្តគាំទ្រជាពិសេសដល់គម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាគឺ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងគម្រោងពាក់ព័ន្ធនានា។

    ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាថ្មី បានមានប្រសាសន៍បន្ថែមថា ឯកឧត្តមមានការត្រេកអរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា និងសន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា, ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន និងក្នុងនាមដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំក្លា និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។

    ជាថ្មីម្ដងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ លោកជំទាវអគ្គទីប្រឹក្សា និងឯកឧត្តមអគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ព្រមទាំងសហការី សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងារនាពេលអនាគតខាងមុខ។




ព័ត៌មានទាក់ទង