កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងជំនួបជម្រាបលារបស់ឯកអគ្គរាជទូតជប៉ុន
នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបលា ។
ក្នុងកិច្ចជំនួបពិភាក្សា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ
និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រកម្ពុជា
ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា
រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច
និងសង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ ។ ជប៉ុន
បានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance –
ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្ត្រ,
ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា
និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា ។ ជាក់ស្ដែង,
តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ,
មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩
សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់សរុបចំនួន ៤២២
១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ
គម្រោង/កម្មវិធីកំពុងដំណើរការសរុបចំនួន ១២
និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣ ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម UENO Atsushi ផ្ទាល់ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
និងសម្រេចបានស្នាដៃដ៏ធំនៅក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ក្នុងអាណត្តិរបស់ឯកឧត្តម UENO Atsushi ចាប់ពីឆ្នាំ ២០២៣ ដល់ដំណាច់ឆ្នាំ
២០២៦ នេះ ។ ក្នុងនោះ,កម្ពុជា ទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦
គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/កម្មវិធី
និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ
១៦៥២ លានដុល្លារអាម៉េរិក ។ សម្រាប់ឆ្នាំ ២០២៦, ឥណទានសម្បទានសរុបចំនួន ៦
គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ៧០០ លានដុល្លារអាម៉េរិក
និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ
១១លានដុល្លារអាម៉េរិក ។ ជាមួយគ្នានេះ, រដ្ឋាភិបាលជប៉ុន
ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធីបន្ថែមទៀត
មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារអាម៉េរិក
ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ ២០២៦ នេះផងដែរ ។
ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តជប៉ុនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា, កម្ពុជា ក៏នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម(Logistcs), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills)ជាដើម ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនទទួលបាននូវជោគជ័យបន្តទៀតសម្រាប់ការបំពេញភារកិច្ចថ្មីរបស់ឯកឧត្តម ។
ព័ត៌មានទាក់ទង